ប្រវត្តិសង្ខេបរបស់វិទ្យាស្ថានជាតិអប់រំ
នៅឆ្នាំ ១៩១៤អាណាព្យាបាលបារាំង បានសាងសង់សាលាបឋមសិក្សាមួយដែលមានឈ្មោះថា " សាលាបឋមសិក្សា Francois Baudoin “។ សាលានេះមានការវិវត្តន៍មិនឈប់ឈរព្រមទាំងត្រូវបានប្តូរ
ឈ្មោះ ជាបន្តបន្ទាប់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
នៅឆ្នាំ ១៩៤៣ សាលានេះបានប្រែឈ្មោះជាសាលាគរុកោសល្យបន្ទាប់មកនៅឆ្នាំ ១៩៥៧ ក៏បានប្រែក្លាយទៅជា " វិទ្យាស្ថានជាតិគរុកោសល្យ " ។ ហើយនៅឆ្នាំ ១៩៦៥ ក៏បានប្រែឈ្មោះមកជា " មហាវិទ្យាល័យគរុកោសល្យ " ។
មុនឆ្នាំ ១៩៧៥ ភារកិច្ចចម្បងរបស់គ្រឹះស្ថាននេះ គឺការបណ្ដុះបណ្ដាលបុគ្គលិកសិក្សា។ នៅពេលដែលសាលានេះមានឈ្មោះជា "សាលាគរុកោសល្យ " នៅឆ្នាំ ១៩៤៣ គឺការបណ្ដុះបណ្ដាលសម្រាប់គ្រូបឋមសិក្សានៅទូទាំងប្រទេស ។ពីឆ្នា ១៩៥៨ ដល់ឆ្នាំ ១៩៦៥ វិទ្យាស្ថាន ជាតិគរុកោសល្យមានបេសកកម្មថ្មីគឺបណ្ដុះបណ្ដាលគ្រូមធ្យមសិក្សាបឋមភូមិគ្រប់មុខវិជ្ជានៅទូទាំងប្រ
ទេស ។ ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៥ មហាវិទ្យាល័យគរុកោសល្យ មានបេសកកម្មរបស់ខ្លួនដដែល តែបានបន្ថែមថ្មីមួយទៀតគឺបណ្ដុះបណ្ដាលអធិការបឋមសិក្សា។ គួររំលឹកផងដែរថាកាលពីពេលនោះការបណ្ដុះបណ្ដាលអធិការមធ្យមសិក្សាបឋមភូមិមិនទាន់មានៅ
ឡើយទេហើយការបណ្ដុះបណ្ដាលសាស្រ្តាចារ្យមធ្យមសិក្សាទុតិយភូមិធ្វើនៅសាលាគរុវិជ្ជាជាន់ខ្ពស់ដែលមានទីតាំងកន្លែងនេះបច្ចុប្បន្នបានក្លាយជាវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិទ្យាស្ថានជាតិអប់រំបានបណ្ដុះបណ្ដាលគ្រូមធ្យមសិក្សាបឋមភូមិគ្រប់មុខវិជ្ជាបានចំនួន២៩៩២នាក់ និងអធិការបឋមសិក្សាបានចំនួន ៦៦ នាក់ ។ នៅក្នុងឆ្នាំ ១៩៧៤ ដល់ ឆ្នាំ ១៩៧៥ មានគ្រូមមធ្យមសិក្សាបឋមភូមិចំនួន ១៤១ នាក់ និងអធិការបឋមសិក្សាចំនួន ១៤នាក់ កំពុងបណ្ដុះបណ្ដាល តែជាអកុសល ពួកគេទាំងនោះ មិនបានប្រឡងបញ្ចប់ការសិក្សាណោះទេ ក៏ព្រោះតែពួកខ្មែរក្រហមបានចូលមកកាន់កាប់អំណាច ។
ពីឆ្នាំ ១៩៧៥ រហូតដល់ ឆ្នាំ ១៩៧៨ គ្រឹះស្ថាននេះក៏ដូចជាគ្រឹះស្ថានដទៃទៀតក្នុងទូទាំងប្រទេស គឺត្រូវបានបិទទ្វារទាំងស្រុង ។
ក្រោយឆ្នាំ១៩៧៩គ្រឹះស្ថាននេះបានបើកទ្វារឡើងវិញហើយមានឈ្មោះថា"សាលានយោបាយ
ក្រសួងអប់រំ " បន្ទាប់មកក៏ បានប្រែក្លាយជាសាលាគរុកោសល្យ និង វិក្រឹតការមជ្ឍឹមនៅឆ្នាំ១៩៨០រួចនៅឆ្នាំ ១៩៨៦ ក៏មានឈ្នោះថា " សាលាគ្រប់គ្រងកម្មាភិបាលជាន់ ខ្ពស់ អប់រំ " ។
នៅឆ្នាំ ១៩៩៣ បានប្ដូរឈ្មោះម្ដងទៀត ទៅជា " មហាវិទ្យាល័យគរុកោសល្យ " ដែលជាឈ្មោះ
ដើមរបស់ខ្លួនវិញ ហើយមកដល់ឆ្នាំ ២០០៤ នេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តិន៍ របស់សង្គមជាតិ និងការអភិវឌ្ឍន៍របស់វិស័យអប់រំ គួបផ្សំនឹងសំណូមពរ និង តម្រូវ ការដ៏ចាំបាច់របស់ប្រទេសជាតិ ក្នុងដំណាក់កាលសកលភាវូបនីយកម្ម និង ក្នុងដំណាក់កាល នៃការរីកចម្រើន របស់ វិទ្យាសាស្រ្តបច្ចេ
កវិទ្យាមហាវិទ្យាល័យគរុកោសល្យត្រូវបានរាជរដ្ឋា ភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខបានសម្រេចប្រែក្លាយឲ្យទៅ " ជាវិទ្យាស្ថានជាតិអប់រំ " តាម អនុក្រឹត្យលេខៈ ០៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០០៤។
នៅថ្ងៃទី០៨ខែ កុម្ភៈឆ្នាំ ២០០៥ ឈ្មោះ " វិទ្យាស្ថានជាតិអប់រំ "ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់
ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
នៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ នៅវិទ្យាស្ថានជាតិអប់រំ បានសម្ភោធមជ្ឍ មណ្ឌលវប្បធម៌ សម្ដេច ហ៊ុន សែន និង លោកជំទាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ។
សព្វថ្ងៃនេះ វិទ្យាស្ថានជាតិអប់រំ មានមុខងារបណ្ដុះបណ្ដាលជាច្រើនផ្នែក ដូចខាងក្រោម ៖
+ ក្រិតឧត្ដមសិក្សា បរិញ្ញាបត្រ + ១ ចំនួន ១៦ មុខវិជ្ជាឯកទេសរួមមាន ៖
១-អក្សរសាស្រ្ត + ភាសាបារាំង
២-អក្សរសាស្រ្ត + ប្រវត្តិសិល្បៈ
៣-ភាសាអង់គ្លេស + បច្ចេកវិទ្យា ICT
៤-ព័ត៌មានវិទ្យា + ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
៥-កសិកម្ម + បច្ចេកវិទ្យា ICT
៦-សេដ្ឋកិច្ច + បច្ចេកវិទ្យា ICT
៧-សីលធ៌ម-ពលរដ្ឋ- ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
៨-ប្រវត្តិវិទ្យា-ភូមិវិទ្យា
៩-ភូមិវិទ្យា-គ្រប់គ្រងបណ្ណាល័យ
១០-គីមីគ្រប់គ្រងបន្ទប់ពិសោធន៍
១១-ផែនដី-បរិស្ថាន
១២-គណិតវិទ្យា-បច្ចេកវិទ្យា
១៣- បច្ចេកវិទ្យា- ភាសាអង់គ្លេស
១៤-សូន្យរូប-ប្រវត្តិសីល្បៈ
១៥-កសិកម្ម- បច្ចេកវិទ្យា
១៦-ប្រវត្តិវិទ្យា-សីល្បៈ
រចនាសម្ព័ន្ធរដ្ឋបាលបុគ្គលិក និង ហេដ្ឋារចនាសម្ព័ន្ធ
វិទ្យាស្ថានជាតិអប់រំរូមមាន ៖
-ដេប៉ាតឺម៉ង់អប់រំ និងដេប៉ាតឺម៉ង់ផែនការអប់រំ
-ការិយាល័យរដ្ឋបាល ការិយាល័យគណនេយ្យ ការិយាល័យបុគ្គលិក ការិយាល័យសិក្សា និងការិយាល័យស្រាវជ្រាវគរុកោសល្យ និងមានកម្មវិធីអប់រំ
-សាលាអនុវត្តពីកម្រិតបឋមរហូតដល់កម្រិតវិទ្យាល័យ
-បុគ្គលិកមានចំនួន ២២៨ នាក់ក្នុងមានស្ត្រីចំនួន ៨៨ នាក់ ( ១៥២ នាក់ជាបុគ្គលិកវិទ្យាស្ថានជាតិអប់រំ ៣២ នាក់ជាបុគ្គលិកសាលាបឋមសិក្សាអនុវត្ត និង ៤៤ នាក់ជាវិទ្យាល័យអនុវត្ត ) ។
វិទ្យាស្ថានជាតិអប់រំមានអគារចំនួន ១៤ ដែលមាន ៦៥ បន្ទប់ក្នុងនោះមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រចំនួន ០៣ បណ្ណាល័យចំនួន ០២ បន្ទប់ព័ត៌មានវិទ្យាចំនួន ០៤ សាលសហសិក្សាចំនួន ០៣ និងបន្ទប់អន្តេវាសិកដ្ឋានចំនួន ០៣ ។ តែជាអកុសលអគារសិក្សាដែលជាកេរ្តិ៍ដំណែលពីអាណាព្យាបាលបារាំង មានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ។
សកម្មភាពបណ្តុះបណ្តាលតាំងពីឆ្នាំ ១៩៧៩
តាំងពីឆ្នាំ ១៩៧៩ មកវិទ្យាស្ថានជាតិអប់រំមានបេសកកម្មជាចម្បង គឺបណ្តុះបណ្តាល និងវិក្រិតការសាស្ត្រា និងបុគ្គលិករបស់ក្រសួងអប់រំព្រមទាំងអធិការនៅទូទាំងប្រទេស ។ ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំនៅវិទ្យាស្ថានជាតិអប់រំត្រូវធ្វើឡើង នៅក្រោមរូបភាពជា ការបណ្តុះបណ្តាលដំបូង
និងការបណ្តុះបណ្តាលបន្ត ។
ការបណ្តុះបណ្តាលដំបូងចាប់ផ្តើមនៅក្រោយឆ្នាំ ១៩៩៤ - ១៩៩៥ គឺនៅពេលដែលសាលាមានឈ្មោះថា មហាវិទ្យាល័យគរុកោសល្យ ។
+ ការបណ្តុះបណ្តាលធ្វើឡើងចំពោះ៖
-អធិការបឋមសិក្សារយៈពេល ០១ ឆ្នាំ
-អធិការមធ្យមសិក្សារយៈ ០១ ឆ្នាំ
-គរុនិស្សិតគ្រប់មុខវិជ្ជាឯកទេស បរិញ្ញាបត្រ + ១ រយៈពេល ០១ ឆ្នាំ
-គរុសិស្សកម្រិតមូលដ្ឋានមុខវិជ្ជាឯកទេសភាសាបារាំង-ខ្មែរ រយៈពេល ០២ ឆ្នាំ
-គ្រូឧទ្ទេសភាសាអង់គ្លេស រយៈពេល ០២ ឆ្នាំ ។
វិទ្យាស្ថានជាតិអប់រំបាន បើកវគ្គបណ្តុះបណ្តាលរយៈពេលវែងដោយបានបណ្តុះបណ្តាលសាស្ត្រា
ចារ្យមធ្យមសិក្សាកម្រិត ២ ( មធ្យមសិក្សាទុតិយភូមិ ) បានចំនួន ៥០៧៨ នាក់ដែលក្នុងនោះមាននារីចំនួន ១០៨២ នាក់ ។ បណ្តុះបណ្តាលអធិការមធ្យមសិក្សាបានចំនួន ៧៣ នាក់ក្នុងនោះនារីចំនួន ២៥ នាក់ ។ បណ្តុះបណ្តាលអធិការបឋមសិក្សាបានចំនួន ២២០ នាក់ក្នុងនោះនារីចំនួន ៣៨ នាក់ ។ បណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ បានចំនួន ២៨៤ នាក់ក្នុងនោះនារីចំនួន ១០៧ នាក់ ។ បណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានឯកទេសភាសាអង់គ្លេស-ខ្មែរ បានចំនួន ៩៤ នាក់ក្នុងនោះនារីចំនួន ១៦ នាក់ ។បណ្តុះបណ្តាលគ្រូឧទ្ទេសភាសាបារាំង-ខ្មែរបានចំនួន ១២០ នាក់ក្នុងនោះនារីចំនួន ៥៦ នាក់ និងបណ្តុះបណ្ដាលគ្រូឧទ្ទេសបឋមសិក្សាបានចំនួន ៩៨៨ នាក់ក្នុងនោះនារីចំនួន ១៨៣ នាក់ ។
ដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងជួរមន្ត្រីរបស់ក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានជាតិអប់រំបានបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាល និងវគ្គវិក្រិតការរយៈពេលខ្លីៗ ដែលផ្ដោតទៅលើគរុកោសល្យ ការគ្រប់គ្រង និងមុខវិជ្ជាឯកទេសផ្សេងៗទៀត។ ការបណ្តុះបណ្តាលគឺធ្វើឡើងសម្រាប់គ្រូឯកទេស អធិការបឋមសិក្សា បុគ្គលិកឯកទេស និងមន្ត្រីអប់រំជាន់ខ្ពស់នៅទូទាំងប្រទេស ។ មានសិក្ខាកាមប្រមាណជិត ៣០០០០ នាក់ដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងគ្រឹះស្ថានអប់រំនេះ ។
នៅឆ្នាំ ២០០២ ក្រសួងអប់រំយុវជន និងកីឡាបានផ្ដល់នូវបេសកកម្មថ្មីទៀតដល់វិទ្យាស្ថានជាតិអប់រំ នោះគឺការបណ្តុះបណ្តាលគរុនិស្សិតបរិញ្ញាបត្រ ដើម្បីឲ្យមានជំនាញក្នុងការបង្រៀនពីមុខវិជ្ជា ប្រយោជន៍ដើម្បីឆ្លើយតបទៅនឹងកង្វះគ្រូបង្រៀននៅតាមខេត្ត ឬនៅតាមទីជនបទដាច់ស្រយាល ។ លើសពីនេះទៅទៀត គរុនិស្សិតបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រូវទទួលការបំពាក់បំប៉នគ្រប់ៗផ្នែកព័ត៌មានវិទ្យាដើម្បីឲ្យពួកគេមានសមត្ថភាពប្រើប្រាស់កុំព្យូទ័របាននៅពេលដែលពួកគេទៅធ្វើការ ។
សម្ភារៈបរិក្ខារ
ក្រោយពីថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ វិទ្យាស្ថានជាតិអប់រំដែលប្រើប្រាស់ជាសាលានយោបាយក្រសួងអប់រំបានប្រមូលគ្រូបង្រៀន សាស្ត្រាចារ្យ អធិការបឋមសិក្សា ដែលនៅរស់រានមានជីវិតពីរបបវាលពិឃាត ដើម្បីចូលរួមក្នុវគ្គវិក្រិតការ និងដើម្បីទទួលការបណ្តុះបណ្តាលផ្នែកនយោបាយរយៈពេលខ្លី ក្នុងគោលបំណងឲ្យពួកគេអាចមានលទ្ធភាពផ្ទេរចំណេះដឹងខាងលទ្ធិសង្គមនិយមទៅអ្នកដ៏ទៃទៀតវិញម្ដងដោយរៀបចំជាវគ្គបណ្តុះបណ្តាលខ្លីៗនៅតាមទីក្រុង ឬទីជនបទនានានៅទូទាំងប្រទេស ។ វិទ្យាស្ថានជាតិអប់រំនាពេលនោះបានក្លាយទៅជាមជ្ឈមណ្ឌល បណ្តុះបណ្តាលយ៉ាងសំខាន់ ដើម្បីស្ថាបនាឡើងវិញនូវគ្រឹះនៃប្រព័ន្ធអប់រំ និងធនធានមនុស្ស ។
កាលពីដំបូងឡើយ ការបណ្តុះបណ្តាលធ្វើឡើងក្នុងស្ថានភាពមួយដ៏លំបាក ។ សាស្ត្រាចារ្យមានប្រភពភាគច្រើនជាជនជាតិវៀតណាម ។ សាស្ត្រាចារ្យជនជាតិខ្មែរច្រើនតែមានសុខភាពទ្រុឌទ្រោម ព្រមទាំងទទួលរងនូវជម្ងឺភ្លេចភ្លាំងច្រើន ហើយមិនទាន់មានលទ្ធភាពក្នុងការបង្រៀនបាន ។
កាលពីដំបូងខ្លឺមសារនៃការ បណ្តុះបណ្តាល ច្រើនតែផ្តោតទៅលើនយោបាយ បន្តិចក្រោយមកក៏មានការបញ្ចូលនូវផ្នែកគរុកោសល្យដែលលក្ខណៈជាវិជ្ជាជីវៈ ។ ការធ្វើបែបនេះធ្វើឲ្យពួកគេរំឭកឡើងវិញនូវចំណេះដឺងទាំងឡាយដែលពួកគាត់មាន និងធ្វើឲ្យពួកគាត់មានសមត្ថភាពបង្រៀនឡើងវិញ ។
ពីដំបូងឡើយ សម្ភារៈ និងគ្រឿងបរិក្ខាមានការខ្វះខាតជាខ្លាំង សម្ភារមួយចំនួន ច្រើនតែបានមកពីបណ្តាប្រទេសសង្គមនិយម និងអង្គការអន្តរជាតិផ្សេងៗ ។ សម្ភារដែលប្រើប្រាស់នាពេលនោះច្រើនតែចាស់ និងមិនឆ្លើយតបទៅនឺងក្រិតក្រម និងសេចក្ដីត្រូវការនៃការ បណ្តុះបណ្តាល ។ តែដោយសារការខិតខំរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សម្ភារបរិក្ខារទាំងនោះក៏ត្រូវបានលើកកម្ពស់ និងកែលម្អបានយ៉ាងប្រសើរ ។
ក្រោយឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាឈានចូលក្នុងសករាជថ្មីមួយ ។ រដ្ឋកម្ពុជាក៏បានដូរឈ្មោះទៅជាព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវរបបនយោបាយសេរីពហុបក្ស ។ ការ បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំក៏មានការផ្លាស់ប្តូរទៅតាមរបបនយោបាយថ្មី ។ បើប្រៀបធៀបទៅនឺងការ បណ្តុះបណ្តាលមុនៗគុណភាពនៃការ បណ្តុះបណ្តាលនៅក្រោយឆ្នាំ ១៩៩៣ មានការលើកកម្ពស់ កែលម្អ បានប្រសើរទាំងខ្លឺមសារទាំងសម្ភារបរិក្ខា ព្រមទាំងធនធានមនុស្ស និងការជ្រើសរើសបេក្ខជនឲ្យចូលរៀន ។ ប៉ុន្តែនៅមានការលំបាក សម្រាប់សាស្ត្រាចារ្យភាគច្រើនក្នុងការផ្លាស់ប្តូររបបនយោបាយ និងរបៀបបង្រៀន ។
វិទ្យាស្ថានជាតិអប់រំបានប្រមូលនូវធនធានរបស់ខ្លួនបន្តិចម្តងៗ ដើម្បីសម្រេចបាននូវសកម្មភាពនៃការ បណ្តុះបណ្តាលដែលជាបេសកកម្មរបស់ខ្លួន ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានមុខវិជ្ជាមួយចំនួនដែលវិទ្យាស្ថានជាតិអប់រំ ត្រូវអញ្ជើញសាស្ត្រាចារ្យពីខាងក្រៅឲ្យមកបង្រៀនដោយគិតជាប្រាក់ឧបត្ថម្ភជាម៉ោងបន្ថែមឲ្យពួកគាត់ ។
លើសពីនេះទៅទៀត វិទ្យាស្ថានជាតិអប់រំបានទទួលជំនួយបច្ចេកទេស និងថវិកាពីអង្គការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការផ្សេងៗដើម្បី បណ្តុះបណ្តាលអធិការបឋមសិក្សា អធិការមធ្យមសិក្សា គ្រូឧទ្ទេសបឋមសិក្សា និងមន្ត្រីគ្រប់គ្រងអប់រំ ។ ឧទាហរណ៍ដូចជាសហគមន៍អឺរ៉ុបទទួលបន្ទុកការ បណ្តុះបណ្តាលគ្រូឧទ្ទេសបឋមសិក្សានៅក្រោមគម្រោង PASEC ។ ទទួលបន្ទុកការ បណ្តុះបណ្តាលទៅលើផែនការ និងការគ្រប់គ្រងមន្ត្រីអប់រំគ្រប់កម្រិត ។ កិច្ចសហប្រតិ្តការបារាំងជួយខាងបណ្តុះបណ្តាលអធិការបឋមសិក្សា និងគ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង- ខ្មែរ ព្រមទាំងសហការជាមួយ និងកិច្ចសហប្រតិបត្តិការអង់គ្លេសក្នុងការ បណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានឯកទេសភាសាអង់គ្លេស- ខ្មែរជាដើម ។
វិទ្យាស្ថានជាតិអប់រំដែលជាមជ្ឈដ្ឋានបណ្តុះបណ្តាលដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តវិវត្តឥតឈប់ឈរ និងបានពង្រីកនូវបេសកកម្មរបស់ខ្លួនក្នុងគោលបំណងបណ្តុះបណ្តាលប្រកបដោយបរិមាណ និងគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមដែលកំពុងតែអភិវឌ្ឍន៍ ៕
Thanks so much for the crucial background of our NIE-C, yet please try to drop more documents both in Khmer and English for our generations.
ReplyDelete